ពិធីសម្ពោធដាក់ឱ្យដំណើរការការិយាល័យសមាគម ជប៉ុន-កម្ពុជា
ពិធីសម្ភោធបើកឱ្យប្រើប្រាស់ការិយាល័យសមាគម ជប៉ុន-កម្ពុជា (JCA) ត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ។ ឆ្លើយតបនឹងសំណើររបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានលើកឡើងនៅឆ្នាំ២០២៣ ស្តីពីការស្នើឱ្យភាគីជប៉ុនយើងខ្ញុំ បង្កើតការិយាល័យមួយនៅកម្ពុជា ដើម្បីជាចំណុចទំនាក់ទំនងសម្រាប់ភាគីទាំងពីរគឺ ជប៉ុន និង កម្ពុជា, សមាគម ជប៉ុន-កម្ពុជា យើងខ្ញុំបានសម្រេចនូវសមិទ្ធិផលបើកជាផ្លូវការនូវការិយាល័យសមាគមខ្លួននេះឡើង ដោយទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រច្រើនពីភាគីកម្ពុជា។

ក្នុងនោះដែរ ឆ្នាំនេះគឺជាខួបលើកទី៦១ ក្រោយការបង្កើត JCA ឡើង។ នៅក្នុងឆ្នាំ២០១៤ សមាគមត្រូវបានទទួលស្គាល់ជាផ្លូវការសារជាថ្មីក្រោមច្បាប់គ្រប់គ្រងសមាគមរបស់ជប៉ុន ហើយឯកឧត្តម Takahashi បានក្លាយជាប្រធានទី៧ សម្រាប់សមាគមជប៉ុន-កម្ពុជានេះ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះសកម្មភាពរបស់ JCA កន្លងមក ក្នុងការចូលរួមពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីកម្ពុជា និងជប៉ុន។

លើសនេះទៀត ឯកឧត្តម Atsushi Ueno ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រ កម្ពុជា ក៏បានមានប្រសាសន៍លើកឡើងដូច្នេះផងដែរថា៖ “JCA គឺជាសមាគមតែមួយគត់នៅក្នុងប្រទេសជប៉ុន ដែលបានធ្វើការងារច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ហើយសមាគមបានចូលរួមចំណែកយ៉ាងធំធេងសម្រាប់ការរឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា តាមរយៈការបរិច្ចាកនូវរថយន្តដឹកសំរាម និងផ្តល់ជំនួយជាកាំជ្រួចដុតក្នុងទិវាររំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា និងជប៉ុនជាដើម។ យើងខ្ញុំសង្ឃឹមថា ការបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នេះ នឹងនាំឱ្យមានការកើនឡើងលើការវិនិយោគផ្នែកអាជីវកម្មខ្នាតតូច និងមធ្យមរបស់ជប៉ុន មកកាន់ប្រទេសកម្ពុជាជាច្រើនថែមទៀត»។


សមាគមយើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ដែលបានចូលរួមក្នុងពិធីសម្ភោធបើកដំណើរការការិយាល័យសមាគម ជប៉ុន-កម្ពុជា នៅក្នុងរាជធានីភ្នំពេញនាឱកាសនេះ។ នៅក្នុងឱកាសនោះដែរ ក៏មានការផ្តល់នូវស្រាសាកិជប៉ុន ដែលជាផលិតផលពិសេសប្រចាំតំបន់មួយផលិតនៅទីក្រុង Asakuchi ខេត្ត Okayama សម្រាប់អ្នកចូលរួមក្នុងពិធីខាងលើ ដែលនាំឱ្យពិធីសម្ភោធ និងកិច្ចទំនាក់ទំនងគ្នាក្នុងពិធីរវាងភាគីទាំងពីរដំណើរការទៅប្រកបដោយក្តីសោមនស្សរីករាយបំផុត។

ការិយាល័យសមាគម ជប៉ុន-កម្ពុជា នេះ មានទីតាំងប្រមាណ ២០នាទី ធ្វើដំណើរដោយរថយន្តពីទីប្រជុំជននៃរាជធានីភ្នំពេញ។

ការិយាល័យសមាគមស្ថិតនៅជាន់ផ្ទាល់ដី នៅបុរីប៉េងហួតបឹងស្នោរ ក្នុងបរិវេណសួនអ៊ឺរ៉ុប។ នៅខាងក្នុងបន្ទប់ការិយាល័យ មានដាក់តាំងបង្ហាញនូវឈ្មោះក្រុមហ៊ុនជាសមាជិករបស់សមាគម, កន្លែងតម្កល់ព្រឹត្តប័ត្រ និងខិត្តប័ណ្ណព័ត៌មាន, កន្លែងតាំងរូបថតបង្ហាញពីសកម្មភាពសមាគម និងមានទីធ្លាកណ្តាលធំសម្រាប់ធ្វើការពិភាក្សាគ្នាអំពីធុរកិច្ចនៅជប៉ុន និងកម្ពុជាជាដើម។ សមាគមយើងខ្ញុំក៏មានបុគ្គលិកសម្រាប់ទទួលភ្ញៀវមកទស្សនាផងដែរ ដូច្នេះសូមអញ្ជើញមកទស្សនាដោយសេរី៕



ការដាក់តាំងបង្ហាញនូវឈ្មោះក្រុមហ៊ុនជាសមាជិករបស់សមាគម

សមាគមបានទទួលកន្រ្តកកម្រងផ្កាអបអរសាទរជាច្រើនពីភាគីចូលរួម