ILBRiLLE Co.,Ltd. x TTP Groups Cambodia-សាលាកែសម្ផស្សនឹងដំណើរការរួមគ្នាក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីខែមករា ឆ្នាំ២០២៤-



អំពីគម្រោង

ក្រុមហ៊ុន ILBRiLLE នឹង​បើក​សាលា​កែ​សម្ផស្ស​មួយ​ក្រោមកិច្ចសហការជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ (MLVT) ដើម្បី​ផ្តល់​ការ​អប់រំ​អំពី​ចំណេះ​ដឹង និង​បច្ចេកទេស​ផ្នែក​សម្ផស្ស​ដល់​ស្ត្រី​កម្ពុជា។ 

ក្រុមហ៊ុន ILBRiLLE មានគម្រោងអញ្ជើញគ្រូជំនាញផ្នែកថែរក្សាស្បែកជនជាតិជប៉ុន មកបង្រៀននៅក្នុងវគ្គសិក្សានោះដើម្បី “ចែករំលែកនូវចំណេះដឹងផ្នែកសម្រស់ឱ្យបានត្រឹមត្រូវ, វិធីសាស្រ្តថែរក្សាស្បែក, របៀបប្រើប្រាស់ឧបករណ៍កែសម្ផស្សជាដើម” រយៈពេលពីរឆ្នាំ ក្នុងគោលបំណងចូលរួមបណ្តុះបណ្តាលអ្នកជំនាញផ្នែកសម្រស់នៅកម្ពុជា។

លើលពីនេះ ក្រុមហ៊ុន ILBRiLLE ក៏ផ្តល់ជូនសិស្សនូវវគ្គសិក្សាគ្រប់គ្រងអាជីវកម្មដូចជា៖ “ការធ្វើផែនការអាជីវកម្ម, ការទាក់ទាញអតិថិជន, និងការគ្រប់គ្រងអតិថិជនជាដើម” ដើម្បីជាជំនួយដល់សិស្សឱ្យយល់ដឹងពីឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងមានឯករាជ្យភាពបន្ទាប់ពីបញ្ចប់ការសិក្សា។

សិស្សដែលបានបញ្ចប់វគ្គសិក្សារយៈពេលពីរឆ្នាំ នឹងត្រូវបានចេញជូននូវគុណវុឌ្ឍិផ្លូវការ ដោយភ្ជាប់ជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។

ប្រវត្តិដើមនៃកិច្ចដំណើរការគម្រោង

លោក KATO Kazunori ជាប្រធានក្រុមហ៊ុន ILBRiLLE បានជួបលោកឧកញ៉ា តែ តាំងប៉រ ដែលជាប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម​កម្ពុជា (FASMEC) និងជាតំណាងក្រុមហ៊ុន TTP Groups Cambodia ជាលើកដំបូងនៅពេលដែលលោកបានចូលរួមក្នុងព្រឹត្តិការណ៍ វេទិការធុរកិច្ចលើកទី២ ប្រារព្ធឡើងដោយសមាគមជប៉ុន-កម្ពុជា (JCA) នៅខែមេសា ឆ្នាំ២០២២។

ក្រោយមក ភាគីទាំងពីរបានបន្តពិភាក្សា និងស្វែងយល់ពីគ្នាអំពីចក្ខុវិស័យ និងគោលបំណងរួម ជាមួយលោកឧកញ៉ា តែ ប៉រហុង អនុប្រធានក្រុមហ៊ុន TTP Groups Cambodia អស់រយៈពេលជាងមួយឆ្នាំ។ ភាគីទាំងពីរបានបន្តធ្វើការជាមួយគ្នាដើម្បីស្វែងរក “តម្រូវការ បញ្ហា និងដំណោះស្រាយសម្រាប់ភាគីទាំងពីរ” ដែលជាលទ្ធផលភាគីទាំងពីរសម្រេចបង្កើត MOU នៅខែកញ្ញា ឆ្នាំ២០២៣។

ក្នុងគោលបំណងឆ្ពោះទៅរកការអភិវឌ្ឍន៍សម្រាប់ប្រទេសទាំងពីរគឺ ជប៉ុននិងកម្ពុជា ភាគីទាំងពីរបន្តសហការរួមគ្នាក្នុងការបើកដំណើរការសាលាថែរក្សាសម្ផស្ស ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានជំនាញខ្ពស់ក្នុងវិស័យថែរក្សាសម្ផស្សនៅកម្ពុជា។

ការយល់ឃើញផ្ទាល់ខ្លួនចំពោះគម្រោង

តាមរយៈការចូលរួមក្នុងដំណើរបេសកកម្មសង្កេតការណ៍អំពីធុរកិច្ចនៅកម្ពុជា ដឹកនាំដោយសមាគមជប៉ុន-កម្ពុជា (JCA) លើកទី២ ដែលបានធ្វើឡើងនៅខែមេសា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យើងខ្ញុំបានឆ្វែងយល់ពីគោលនយោបាយជាតិនៃ “ការអនុវត្តការបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតខ្ពស់”  ក្នុងការបណ្តុះបណ្តាលធនធានមនុស្សចំនួនប្រមាណ ១,៥ លាននាក់ពីក្រុមគ្រួសារក្រីក្រ ឱ្យបានមុនឆ្នាំ២០៣០។

ផ្អែកលើគោលនយោបាយជាតិលើកឡើងខាងលើនេះ យើងខ្ញុំក៏ជឿជាក់ផងដែរថា ការអភិវឌ្ឍន៍ធនធានមនុស្សដែលមានជំនាញខ្ពស់ នឹងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ទាំងប្រទេសកម្ពុជា និងប្រទេសជប៉ុន។
ហេតុដូច្នេះ ក្រុមហ៊ុន ILBRiLLE យើងខ្ញុំ បានសម្រេចចិត្តប្រើប្រាស់បទពិសោធន៍ជាង ១៩ឆ្នាំ ក្នុងការគ្រប់គ្រងហាងថែរក្សាសម្ផស្ស និងការបង្កើតផលិតផលគ្រឿងសំអាង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សដែលមានជំនាញខ្ពស់ក្នុងវិស័យថែរក្សាសម្ផស្សនៅកម្ពុជា។

ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន តម្រូវការក្នុងវិស័យថែរក្សាសម្ផស្ស និងសុខភាព គឺត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងនៅក្នុងចំណោមអ្នកប្រើប្រាស់ជាជនជាតិខ្មែរ ដូច្នេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានចំណេះដឹង និងជំនាញត្រឹមត្រូវក្នុងការព្យាបាល និងលក់ផលិតផល ដល់អតិថិជន។

ផែនការអនាគត

ពិធីបើកសម្ភោធសាលារៀនថែរក្សាសម្ផស្សនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ខណៈកម្មវិធីសិក្សាគ្រោងនឹងត្រូវបានចាប់ផ្តើមនៅថ្ងៃបន្ទាប់ គឺថ្ងៃទី២៣ ខែមករា។

ក្នុងឆ្នាំសិក្សាទីមួយ នៃកម្មវិធីសិក្សារយៈពេលពីរឆ្នាំនេះ សិស្សនឹងរៀនអំពីចំណេះដឹងផ្នែកសម្ផស្សតាមរយៈការបង្រៀនក្នុងថ្នាក់រៀន និងធ្វើការបណ្តុះបណ្តាលជាក់ស្តែង។

នៅឆមាសទីពីរនៃឆ្នាំសិក្សាទីមួយ សិស្សនឹងទទួលបានបទពិសោធន៍ជាក់ស្តែង តាមរយៈការអញ្ជើញអតិថិជនទៅសាលារៀន ដើម្បីទទួលសេវាថែរក្សាសម្ផស្សនោះ និងចុះធ្វើកម្មសិក្សានៅហាងដៃគូជាដើម៕

Close Menu