វេទិកា Nikkei អនាគតនៃអាស៊ី

នាថ្ងៃទី២៣ និង២៤ ខែឧសភា ឯ.ឧ.Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា និង លោក Kato អគ្គលេខាធិការសមាគម រួមទាំងនាយកគ្រប់គ្រងសមាគម លោក Tanaka បានចូលរួមក្នុង វេទិកា Nikkei អនាគតនៃអាស៊ី ប្រារព្ធឡើងនាទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅក្នុងឱកាសដ៏មានតម្លៃនោះ តំណាងសមាគមយើងខ្ញុំបានស្តាប់ការពន្យល់អំពីរឿងរ៉ាវផ្សេងៗ ពីតំណាងមកពីប្រទេសនីមួយៗ ជាពិសេស ក៏បានស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការពង្រីកនូវវិនិយោគនៅកម្ពុជាផងដែរ។ លើសពីនេះ យើងខ្ញុំក៏បានចាប់អារម្មណ៍ជាពិសេសចំពោះសុន្ទរកថារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺ លោក Mahathir ដែលល្បីឈ្មោះចំពោះការលើកឡើងពី “គោលនយោបាយឆ្ពោះទៅទិសខាងកើត” ផងដែរ។

នៅពេលអ្នកសម្របសម្រួលបានសួរសំណួរអំពីទំនាក់ទំនងការទូត ដូចជា៖ ស្ថានភាពនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅក្នុងអាស៊ាន និងទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ប្រធានបទនៃការពិភាក្សាបានបញ្ចប់ដោយប្រកាន់យកភាព “អត់ធ្មត់” ជាគោល។ តាមរយៈកិច្ចពិភាក្សានោះ យើងខ្ញុំក៏បានយល់ដឹងបន្ថែមទៀតពី សារៈសំខាន់នៃវិស័យធុរកិច្ច នៅក្នុង​​វិស័យ​ការទូតផងដែរ។ ​យ៉ាងណាមិញ គួររំលឹកថា នៅជំនាន់ឯ.ឧ.Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា ជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា, តាមសំណើររបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯ.ឧ. Mahathir Mohamad, ឯកឧត្តមត្រូវបានអញ្ជើញឱ្យចូលរួមធ្វើបាឋកថាស្តីពី “គោលនយោបាយឆ្ពោះទៅទិសបូព៌ា” នៅកម្ពុជា។

បាឋកថានោះត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌល CJCC ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីសំខាន់ៗមួយចំនួនទៀត។ តាមរយៈការចូលរួមវេទិកាដែលលើកឡើងនេះ យើងខ្ញុំពិតជាមានសេចក្តីរំជើបរំជួលជាខ្លាំង ដោយបានស្គាល់កាន់តែច្បាស់ពីស្នាដៃនិងបទពិសោធន៍ដ៏អស្ចារ្យរបស់ឯ.ឧ. Takahashi ដែលបានរៀនសូត្រច្រើនផ្ទាល់ពីឯកឧត្តម និងបានដឹងកាន់តែច្បាស់ពីមូលហេតុដែលមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើនរូបតែងតែយកចិត្តទុកដាក់ចំពោះឯកឧត្តម។

សមាគម នឹងខិតខំប្រើប្រាស់នូវបទពិសោធន៍ និងទំនាក់ទំនងដ៏ល្អរបស់ឯកឧត្តមប្រធាន ដើម្បីជាប្រយោជន៍សម្រាប់សមាជិកនាថ្ងៃអនាគត៕

Related Articles

Close Menu