រៀបចំវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសាធារណៈ និងឯកជន
សមាគម JCA បាននឹងកំពុងរៀបចំបង្កើតឡើងនូវវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ដើម្បីផ្តល់ជាវិធានការជំនួយដល់ក្រុមហ៊ុនជប៉ុនដែលជាសមាជិក ជាពិសេស សហគ្រាសធុនតូច និងមធ្យម រួមទាំងរដ្ឋាភិបាលមូលដ្ឋាន ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនមកកាន់កម្ពុជា។
មានការលើកឡើងពីផលលំបាកចំពោះនិតិវិធីនៃការដាក់ពាក្យសុំអាជ្ញាប័ណ្ណអនុញ្ញាតធ្វើអាជីវកម្ម ស្របពេលនឹងការវិនិយោគអាជីវកម្មនៅកម្ពុជា។ ក្រៅតែពីផលលំបាកក្នុងការចំណាយពេលវេលាច្រើនជាមួយបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏មានករណីខ្លះភាគីអ្នកវិនិយោគជប៉ុន នៅទីបញ្ចប់ ពុំអាចទទួលបានប័ណ្ណអនុញ្ញាតក្រោយការរត់ឯកសារលើនិតិវិធីនោះដែរ។ ជារឿយៗ និតិវិធីទាំងនោះនាំឱ្យភាគីជប៉ុនជួបនូវផលលំបាកច្រើនដែលពិបាកយល់។ ជារួម ភាគីវិនិយោគជប៉ុនត្រូវធ្វើការអំណត់ និងតស៊ូព្យាយាមច្រើន ដើម្បីទទួលបាននូវលិខិតអនុញ្ញាតធ្វើអាជីវកម្មនៅកម្ពុជា។ ដូច្នេះ ការស្វែងរកដៃគូអាជីវកម្មល្អៗនៅកម្ពុជាផ្ទាល់ គឺពិតជាមានសារៈសំខាន់។ យើងខ្ញុំយល់ឃើញថា ដើម្បីឱ្យអាជីវកម្មមួយរីកចម្រើននៅកម្ពុជា គឺពុំអាចខ្វះបាននូវកិច្ចសហការល្អពីដៃគូអាជីវកម្មក្នុងស្រុកឡើយ។
ដើម្បីដោះស្រាយបញ្ហាលើកឡើងខាងលើនេះ សមាគម JCA បានខិតខំបង្កើតឡើងនូវវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនដែលជាសមាជិកសមាគមជាពិសេស។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ សមាគមជប៉ុន-កម្ពុជាយើងខ្ញុំ បានពិភាក្សាជាមួយសមាគមឧកញ៉ាកម្ពុជា (COA) ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីរៀបចំឡើងនូវវេទិការធុរកិច្ចដែលគ្រោងនឹងប្រារព្ធឡើងក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
(ពីស្តាំ៖ អ្នកឧកញ៉ា ហ៊ុន ឡាក់, អគ្គលេខាធិការសមាគមជប៉ុន-កម្ពុជា លោក កាតូ, អ្នកឧកញ៉ា សៀ ឬទ្ធី, ប្រធានសមាគមជប៉ុន-កម្ពុជា ឯ. តាកាហាស៊ី, លោកអ្នកឧកញ៉ា លី ហួរ)
សមាគមយើងខ្ញុំ គ្រោងនឹងបង្កើតឡើងនូវវេទិការធុរកិច្ចជូនចំពោះក្រុមហ៊ុនជប៉ុនដែលមានបំណង ឬដែលនឹងកំពុងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដោយចែករំលែកនូវព័ត៌មានមូលដ្ឋានរបស់ក្រុមហ៊ុនជប៉ុនទាំងនោះទៅកាន់ COA ជាមុន។ វេទិការធុរកិច្ចនេះ នឹងត្រូវបានប្រារព្ធឡើងដោយជួបជុំផ្ទាល់មុខនៅទីប្រារព្ធពិធី និងទាំងអនឡាញ។
សមាគមយើងខ្ញុំ នឹងបន្តខិតខំប្រឹងប្រែងស្វែងរកដៃគូអាជីវកម្មល្អៗនៅកម្ពុជាជូនសហគ្រាសជប៉ុន ហើយសង្ឃឹមថាវាទិការធុរកិច្ចគ្រោងធ្វើឡើងនៅកម្ពុជានាខែវិច្ចិកា ខាងមុខនេះ នឹងទទួលបានផ្លែផ្កាដ៏ជាទីមោទនៈ៕